រដ្ឋមន្រ្តីការពារជាតិអង់គ្លេស៖ «ការពារប្រទេសម៉ុលដាវីគឺវិធីដ៏ល្អបំផុត ដើម្បីការពារអ៊ុយក្រែន
(ជីស៉ីណូ)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវើលី (James Cleverly) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មធ្យោបាយដ៏ល្អបំផុតគឺត្រូវការពារប្រទេសម៉ុលដាវី ពីការវាយប្រហារដោយរុស្ស៊ីដើម្បីការពារអ៊ុយក្រែន ទោះបីជាលោកបដិសេធបញ្ជូនអាវុធដោយផ្ទាល់ទៅដល់ទីក្រុងជីស៉ីណូ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។
ការលើកឡើងរបស់លោក ក្លេវើលី នាពេលនេះធ្វើឡើងក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដាវី ជាកន្លែងដែលលោកបានប្រកាសជំនួយរបស់ចក្រភពអង់គ្លេសចំនួន ១០លានផោន ឬស្មើនឹង ១២លានដុល្លារ សម្រាប់ការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងអភិបាលកិច្ច រួមទាំងក្នុងវិស័យថាមពល។ នៅពេលអ្នកសារព័ត៌មានសួរថា តើទីក្រុងឡុងដ៍មានគម្រោងគាំទ្រផ្នែកយោធាដល់ប្រទេសម៉ុលដាវីឬអត់នោះ? លោក ក្លេវើលី បានគូសបញ្ជាក់ថា «យើងជឿជាក់យ៉ាងមុតមាំថា មធ្យោបាយដ៏ល្អបំផុតមួយក្នុងការការពារប្រទេសម៉ុលដាវីពីការវាយប្រហារ គឺជាការជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងរុស្ស៊ី»។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ រដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចរបស់ម៉ុលដាវី និងសម្ព័ន្ធមិត្តរបស់ខ្លួន មានការភ័យខ្លាចថាខ្លួនអាចត្រូវបានអូសចូលទៅក្នុងជម្លោះ។ ប្រទេសដែលមានប្រជាជនចំនួន ២.៥លាននាក់នេះ ក៏មានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ហើយមានកងរក្សាសន្តិភាពរុស្ស៉ីឈរជើងនៅក្នុងតំបន់ត្រេនស្នីស្ទ្រៀ (Transdniestria) ផងដែរ៕
No comments