តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន
(ឡាអេ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសពីការចេញដីកាចាប់ខ្លួន សម្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីំមៀ ពូទីន ជុំវិញការចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។
វិមានក្រឹមឡាំងបានចេញមុខទាត់ចោលដីកាខាងលើ ដោយចាត់ទុកវាជាមោឃៈ។ រុស្ស៉ីមិនមែនជាភាគីនៅក្នុងតុលាការ ICC នោះឡើយ ហេតុដូច្នេះវាពុំច្បាស់នោះទេថា តើលោកប្រធានាធិបតីរុស្ស៉ី នឹងមានថ្ងៃត្រូវគេធ្វើបត្យាប័នដែរឬអត់ ឬមួយក៏ការធ្វើបត្យាប័នអាចប្រព្រឹត្តទៅ ដោយរបៀបណានោះ។
យោងតាមតុលាការ ICC ដីកាចាប់ខ្លួនលោក ពូទីន ខាងលើ គឺសម្រាប់ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមឈ្លានពានបានចាប់ផ្តើម។ ប្រធានតុលាការអន្តរជាតិមួយនេះ បានបន្ថែមថា ការអនុវត្តដីកាចាប់ខ្លួន នឹងអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ កំលុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញ បានចេញមុខបង្ហាញការស្វាគមន៍ ចំពោះសេចក្តីប្រកាសរបស់តុលាការ ICC ដោយនិយាយថា ដីកាចាប់ខ្លួនលោក ពូទីន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បើតាមការអះអាងរបស់ទីក្រុងកៀវ កុមារអ៊ុយក្រែនច្រើនជាង ១៦,០០០នាក់ ត្រូវបានចាប់បញ្ចូនទៅរុស្ស៉ី គិតចាប់តាំងសង្រ្គាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕
No comments