រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខកងទ័ព និងសម្ពោធអគារប្រជុំនៃកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ
(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងសម្ពោធអគារប្រជុំមួយខ្នង នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះ លោក អ៉ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។
ពិធីសំណេះសំណាលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
លោក អ៉ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងការបង្រួបបង្រួមជាតិជាកម្លាំងតែមួយ ស្ថិតក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃយើង ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកលជំងឺកូវីដ-១៩ ដែលកម្ពុជាយើងមានសមត្ថភាពអាចគ្រប់គ្រងនូវវិបត្តិនេះដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធារជាលំដាប់។
នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននាំមកនូវអំណោយក្នុងនាមសមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧នូវគ្រឿងឧបភោគបរិភោគ សរុបប្រមាណជិត១៩៥លានរៀល។ លោករដ្ឋមន្ត្រីបញ្ជាក់ថា អំណោយទាំងនេះចាត់ទុកថាជាស្មារតីសាមគ្គីសហការរវាងកងទ័ព ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាជន។
នាឱកាសនោះដែរ លោក អ៉ិត សំហេង ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារប្រជុំមួយខ្នង នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាងដោយក្រុមវិស្វកម្មនាយទាហាន នាយទាហានរង និងពលទាហានកងពលអន្តរាគមន៍លេខ៧ អស់ថវិកាសរុបចំនួន៤២៨,០០០,០០០រៀល៕
No comments