សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនអ្នកឧកញ៉ាហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសជាមួយភរិយានិងអង្គរក្ស៥នាក់។
លោកឧត្ដមសេនីយ៍ទោ សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានបញ្ជាក់នៅរសៀលនេះថា សមត្ថកិច្ចបានចាប់ខ្លួនលោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងភរិយា តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំខ្លួនមកសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស រួមទាំងភរិយា និងក្រុមសន្តិសុខជាច្រើននាក់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅចំណុចការិយាល័យរបស់ក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានអតិថិជនរាប់សិបនាក់បានមកតវ៉ានៅមុខស្នាក់ការ និងនាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ តែត្រូវបានក្រុមអង្គរក្សរបស់លោកឧកញ៉ាប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ ៕
No comments