សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៣
សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី៩ កញ្ញា ២០២៣ ។
នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាការជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតលើកទី៣ បន្ទាប់ពីបានជួបកន្លងមកនៅរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល។ ការចុះជួបផ្ទាល់កម្មករ និយោជិត គឺជាការបន្តទម្លាប់ និងសកម្មភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់ និងក្តាប់ជាប់នូវបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ, ការគិតគូរពីសុខដុមនីយកម្មការងារ, ការផ្តល់ជូននូវអត្ថប្រយោជន៍ទាំងផ្នែកការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសសុខុមាលភាពរបស់កម្មករ និងនិយោជិត។ ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ និយោជិតទាំងអស់ ដែលបានចូលរួមបោះឆ្នោតកាលពីពេលកន្លងទៅ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីបន្តឱកាសដឹកនាំ និងអនុវត្តគោលនយោបាយបម្រើជាតិ និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទ្បើងអំពីសមិទ្ធផល និងលទ្ធផលជោគជ័យជាច្រើន ដែលសម្តេច និងគណៈប្រតិភូកម្ពុជា សម្រេចបានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ -៧ កញ្ញា ២០២៣ កន្លងទៅថ្មីៗ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ កម្ពុជាទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាមិត្ត ទាំងក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ ជាពិសេសតាមរយៈការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ស្មើមុខស្មើមាត់ ក្នុងកិច្ចប្រជុំសរុបចំនួន ៣០ រាប់ទាំងកិច្ចប្រជុំផ្លូវការ និងកិច្ចប្រជុំពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌទ្វេភាគីផង។
ជាមួយនឹងលទ្ធផលដ៏ជោគជ័យ គួរជាទីមោទនសម្រាប់កម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ អំពីការងារសំខាន់ចំនួន ៣ ដែលសម្តេចបានធ្វើចំពោះជាតិ និងប្រជាជនគឺ៖ ទី១. ការងារការទូត ដើម្បីបន្តរក្សាកម្រិតស្មើភាព និងស្មើមុខស្មើមាត់លើការងារទំនាក់ទំនងការទូត ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញ ទី២. ការជួបទ្វេភាគី ដើម្បីបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ជាមិត្តបន្ថែមទៀត ដែលក្នុងនោះបណ្តាប្រទេសជាមិត្តបានទទួលស្គាល់ និងធ្វើការសាទរចំពោះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលមានប្រជាជនជាង ៨២% បានបោះឆ្នោតគាំទ្រ និងទី៣. ការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈការ ផ្សព្វផ្សាយពីវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យថាមពល និងវិស័យការងារជាដើម ទៅកាន់ឆាកអន្តរជាតិ ។
មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំការប្រឡងក្របខណ្ឌដាច់ដោយឡែកក្នុងការជ្រើសរើសមន្ត្រីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីទុកពេលឱ្យមានការរៀបចំយន្តការរួម តាមរយៈគណៈកម្មាការដែលមានក្រសួងមុខងារសាធារណៈទទួលបន្ទុកក្នុងការដឹកនាំរៀបចំ ដោយនឹងមានការប្រឡងព្រមគ្នា ក្នុងក្របខណ្ឌថ្នាក់ជាតិតែម្តង។ នេះជាគោលការណ៍ក្នុងការធ្វើកំណែទម្រង់លើការប្រឡងចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខណ្ឌទូទាំងប្រទេសដោយប្រកាន់គោលការណ៍ “អ្នកចេះ គឺជាប់”។ ជាមួយគ្នានេះ សម្តេចក៏បានណែនាំ ឱ្យមានការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយត្រូវបង្កើតការិយាល័យអនុព័ន្ធ ដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រចាំការ និងរៀបចំប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យ។ លើសពីនេះ ចំពោះលិខិតថ្កោលទោស គឺត្រូវរៀបចំធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងអនុវត្ត។ បន្ថែមលើនេះផងដែរ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ដើម្បីធ្វើកិច្ចការជាមួយច្រកព្រំដែនចេញ-ចូលទាំងអស់ ដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង ដើម្បីសម្រួលការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល របស់ប្រជាពលរដ្ឋ។
ជាទីបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថ្មី គឺនៅតែបន្តគោលនយោបាយការទូតរបស់គណបក្សប្រជាជនកម្ពុជា គឺឈរលើភាពស្មើមុខស្មើមាត់គ្នា អព្យាក្រឹត្យ ស្របតាមរដ្ឋធមនុញ្ញ ផ្អែកលើច្បាប់ និងបម្រើផលប្រយោជន៍ជាតិ ដែលជាអាទិភាពចម្បង។
No comments