១២ វិច្ឆិកា ២០២៣
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា៖
១-បុគ្គលនេះមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថទេ។
២-ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្តាយរបស់បុគ្គលនេះ បានទូរស័ព្ទមកសុំទោសនិងប្រាប់ខ្ញុំបាទថា កូនរបស់គាត់ស្រលាញ់ការងារកងរាជអាវុធហត្ថខ្លាំងពេក ប៉ុន្តែគាត់គ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់ទេ។ គាត់សុំពេលវេលាពីខ្ញុំបាទ ដើម្បីនាំកូនរបស់គាត់មកសុំទោសផ្ទាល់។
៣-មាត្រា ៦១៦_ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀន)។ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់យានយន្ដនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្ដនគរបាល ឬយោធា ដែលនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន។
៤-អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យធ្វើការអប់រំបុគ្គលនេះនិងឱ្យលុបចោលនូវការបង្ហោះនោះ។
សូមគោរពជូនជ្រាបជាព័ត៌មាន
និងសូមគោរពអរគុណ។
No comments