លោក សិត កុសល មន្ត្រីរាជការសាលាស្រុកបាធាយផងនិងជាឈ្មួញរណ្ដៅដីលេខនៅជើងភ្នំបាធាយជម្រៅដល់ក្បាលប្រែតនោះផង
លោក សិត កុសល មន្ត្រីរាជការសាលាស្រុកបាធាយផងនិងជាឈ្មួញរណ្ដៅដីលេខនៅជើងភ្នំបាធាយជម្រៅដល់ក្បាលប្រែតនោះផង
បើទោះបីជាមានការរិះគន់ខ្លាំង ពីប្រជាពលរដ្ឋ,មន្ត្រីរាជ ការនៅស្រុកបាធាយយ៉ាងណាក៏ដោយ ក៏សកម្មភាពជីករណ្តៅដី នៅជើងភ្នំបាធាយ ជម្រៅដល់ក្បាលប្រេតក្រោមច្បាប់របស់មន្ទីររ៉ែនិងថាមពលកំពង់ចាម នៅតែដំណើរការ។ មន្ត្រីរាជការសាលាស្រុកបាធាយ និយាយថា លោកសិត កុសល ជាមន្ត្រីរាជការនៅសាលាស្រុកបាធាយផង និងជាឈ្មួញរណ្ដៅដីផង។ ទំនងជាមន្ត្រីរាជការម្នាក់នេះ ជាអ្នកស្វែងរកលាភសក្ការៈជូនមន្ត្រីសាលាស្រុក និងថ្នាក់ដឹកនាំខេត្តកំពង់ចាមហើយមើល ទៅ? ថា តើលោកអ៊ុន ចាន់ដា អភិបាលកំពង់ចាមបានជ្រាបនិងទទួលបានលាភសក្ការៈ ពីមន្ត្រីសាលាស្រុកបាធាយ សិត កុសល នេះដែរឬទេ?
មកដល់ពេលនេះសកម្មភាពជីករណ្ដៅដី យកអាចម៍ដីលក់នៅតែបន្ត។ ពលរដ្ឋរស់នៅតំបន់ជើងភ្នំបាធាយនិយាយថា រណ្ដៅដីនៅជិតជើងភ្នំបាធាយ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលធ្វើសកម្មភាពជាយូរឆ្នាំ មកហើយនោះកំពុងបង្កហានិភ័យខ្លាំង ដល់ពលរដ្ឋនៅជិតខាងនិងប៉ះពាល់ដល់អនាគតភ្នំ ទាំងមូលនោះផងដែរ។ យ៉ាងណាក៏ដោយ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ចាមលោកលី ចាន់ធីអះអាងតាមរយៈសេចក្តីបំភ្លឺជូនបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា រណ្តៅដីនោះមានច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយមន្ទីរ។ ប៉ុន្តែសួរថា វាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឬយ៉ាងណានោះគ្មាន អ្នកណាមកអើតឈ្ងោកមើលនោះឡើយ។
ប្រជាពលរដ្ឋនិយាយថា រណ្តៅដីមួយកន្លែងនេះជីករាប់ឆ្នាំមកហើយ វាជាប្រភពចំណូលរបស់លោកលី ចាន់ធីប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ចាម គុបគិតជាមួយឈ្មួញជាមន្ត្រីនៅសាលាស្រុកបាធាយ។ ឈ្មួញកណ្តាលដែលជាមន្ត្រីធ្វើការ នៅសាលាស្រុកបាធាយនោះលោកសិត កុសល នោះតែម្ដង។ ករណីរណ្ដៅដីនេះគួរតែមាន ការស៊ើបអង្កេតឲ្យបានច្បាស់លាស់ អំពីប្រភពចំណូល និងជាពិសេសពិនិត្យមើលបទដ្ឋានបច្ចេកទេសនៃការជីក។ ពីព្រោះបើតាមការលេចឮល្ហិចល្ហៀងគឺវាគ្រាន់តែជាចំណូល សម្រាប់ថ្នាក់ដឹកនាំស្រុក,ចៅហ្វាយខេត្តកំពង់ចាម,ប្រធានមន្ទីរ៉ែនិងឈ្មួញតែប៉ុណ្ណោះ។
តាមសេចក្តីព្រាងពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្បែររណ្ដៅដីនេះឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋរស់នៅភូមិបាធាយ,ស្វាយពកនិងស្រះព្រីង កើតទុក្ខមិនសុខចិត្តចំពោះបុគ្គលម្នាក់ឈ្មោះ ហែម សុវណ្ណថន ដែលបានធ្វើសកម្មភាពជីកកាយរណ្ដៅដី នៅជើងភ្នំបាធាយហើយបានវាតបោះបង្គោល យកដីជើងភ្នំដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើជាសម្បត្តិរបស់ខ្លួន ដោយគ្មាននរណាហ៊ានប៉ះពាល់បុគ្គលនេះឡើយ។ សកម្មភាពរបស់ឈ្មួញខាងលើនេះបានបង្កឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជុំវិញភ្នំបាធាយ កើតការមិនពេញចិត្តជាខ្លាំង។ បុគ្គលឈ្មោះហែម សុវណ្ណថន គឺជាអ្នកដែលប្រើគ្រឿងចក្រដោយផ្ទាល់ក្នុងប្រតិបត្តិការជីករណ្តៅដី។ ប៉ុន្តែអ្នកឈរនៅពីក្រោយខ្នងនៃការជីក រណ្តៅដីនេះ គឺលោក សិត កុសល មន្ត្រីបម្រើការនៅសាលាស្រុកបាធាយ។
ពលរដ្ឋអ្នកភូមិខ្សឹបខ្សៀវថា រណ្តៅដីនោះត្រូវបានគ្រប់ គ្រងដោយបុរសម្នាក់ឈ្មោះឈ្មោះសិត កុសល ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្យន៍ នៅសាលាស្រុកបាធាយអ្នកធ្វើអាជីកម្មដីភ្នំបាធាយ ។ ប្រភពឲ្យដឹងថា កាលប៉ុន្មានឆ្នាំមុនក៏មានចរន្តនៃការតវ៉ាពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះដែរ។ កាលនោះរណ្តៅដីនេះត្រូវបានគ្រប់គ្រងដោយឪពុកលោកសិត កុសល ផ្ទាល់តែម្ដង ហើយ ក៏មានការស្វែងរកអន្តរាគមន៍ ពីអាជ្ញាធរថ្នាក់ដឹកនាំខេត្តដែរ ប៉ុន្តែមិនបានជោគជ័យ ពីព្រោះពាក្យបណ្ដឹងនោះមិនដល់ដៃថ្នាក់ដឹកនាំខេត្តឡើយ។ ប្រភពបានឱ្យដឹងថា ការជីករណ្ដៅដីស្ទើររលាយភ្នំបាធាយនេះវាជាប្រភពចំណូលនៃការឃុបឃិតគ្នារវាងឈ្មួញ,អាជ្ញាធរស្រុក,ខេត្តនិងមន្ទីរជំនាញ។
បើទោះជាមានការអះអាងថា មានច្បាប់អនុញ្ញាតចេញពីមន្ទីររ៉ែនិងថាមពលក៏ដោយ ប៉ុន្តែវានៅតែមានការគុបគិតគ្នាទៅលើបច្ចេកទេសដដែល។ និយាយរួមទៅអ្នកភូមិមើលឃើញថា រណ្តៅដីដ៏មហន្តរាយនេះ មិនបានបម្រើឲ្យផលប្រយោជន៍ក្នុងសហគមន៍ទេ។ ផ្ទុយទៅវិញវាជាប្រភពចំណូលរបស់ពួកមន្ត្រីខិលខូចនិងឈ្មួញ នៅក្នុងមូលដ្ឋាននោះតែប៉ុណ្ណោះ។ ដូច្នេះគេរំពឹងថា លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏ដូចជា លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមពិនិត្យមើលករណីរណ្ដៅដី នៅជើងភ្នំបាធាយ ស្ថិតក្នុងស្រុកបាធាយនោះផង៕
No comments